Month: July 2019

ការលូតលាស់របស់ដើមផ្កាឈូករតន៍

ដើមផ្កាឈូករតន៍បានដុះដោយសេរី នៅទូទាំងពិភពលោក។ សត្វឃ្មំបានជួយឲ្យរុក្ខជាតិនេះបង្ករកំណើត។ គេឃើញពួកវាដុះនៅសងខាងផ្លូវជាតិ និងនៅកន្លែងដាក់ចំណីឲ្យសត្វបក្សី ហើយនៅតាមទីវាល វាលស្មៅ និងវាលទំនាប។ ទោះជាយ៉ាងណាក៏ដោយ បើសិនជាគេចង់ដាំដើមផ្កាឈូករតន៍ ដើម្បីប្រមូលផល គេត្រូវដាំវានៅកន្លែងដែលមានដីល្អ។ ទស្សនាវដ្តីកសិករបានចេញផ្សាយថា ដើមផ្កាឈូករតន៍ត្រូវការដីដែលមានសំណើមល្អ មានជាតិអាស៊ីតបន្តិចបន្តួច និងសម្បូរជីវជាតិ ដោយសារជីសរីរាង្គ ឬជីកំប៉ុស ដើម្បីឲ្យគ្រាប់ពួកវាមានរស់ជាតិឆ្ងាញ់ មានប្រេងសុទ្ធល្អ និងជួយដល់ជីវភាពរបស់កសិករដែលបានប្រឹងប្រែងដាំពួកវា ។

យើងក៏ត្រូវការ “ដីល្អ” សម្រាប់ការលូតលាស់ខាងវិញ្ញាណផងដែរ(លូកា ៨:១៥)។ តាមការបង្រៀនរបស់ព្រះយេស៊ូវ ជាពាក្យប្រៀបប្រដូច អំពីកសិករដែលព្រោះគ្រាប់ពូជ ព្រះបន្ទូលព្រះក៏អាចដុះ នៅក្នុងដីដែលមានថ្មច្រើន ឬមានបន្លា(មើលខ.៦-៧)។ ប៉ុន្តែ ព្រះបន្ទូលទ្រង់អាចលូតលាស់បានល្អ តែនៅក្នុងដី ដែល”ដែលមានចិត្តទៀងត្រង់ល្អ ក៏ឮព្រះបន្ទូល ហើយយកចិត្តទុកដាក់ រួចបង្កើតផលដោយសេចក្តីអត់ធន់”(ខ.១៥)។

ដើមផ្កាឈូករតន៍ដែលនៅតូច ក៏មានការអត់ធន់នៅក្នុងការលូតលាស់ផងដែរ។ ពួកវាបានបែរទៅរកទិសដែលមានថ្ងៃរះ ជារៀងរាល់ថ្ងៃ។ ដើមផ្កាឈូករតន៍ដែលពេញវ័យក៏អត់ធន់ក្នុងការលូតលាស់ផងដែរ។ ពួកវាងាកទៅទិសខាងលិចជារៀងរហូត ដើម្បីកម្តៅផ្ទៃមុខផ្ការបស់ពួកវាដែលបានរីក និងដើម្បីទាក់ទាញសត្វឃ្មំកាន់តែច្រើន ឲ្យមកជួយពួកវាបង្ករកំណើត។ ការនេះបានជួយពួកវាបង្កើនទិន្នផលឲ្យកាន់តែច្រើន។

យ៉ាងណាមិញ ព្រះបន្ទូលព្រះក៏អាចលូតលាស់ នៅក្នុងជីវិតយើងបានល្អផងដែរ ពេលដែលយើងតោងព្រះបន្ទូលទ្រង់ឲ្យជាប់ ហើយងាកទៅរកព្រះរាជបុត្រាទ្រង់ជាប់ជានិច្ច ដោយចិត្តដែលស្មោះត្រង់ និងមានចិត្តដ៏ល្អ សម្រាប់ឲ្យព្រះបន្ទូលទ្រង់លូតលាស់ក្នុងយើង។ យើងត្រូវអនុវត្តដូចនេះជារៀងរាល់ថ្ងៃ។ សូមយើងងាកទៅរកព្រះរាជបុត្រាទ្រង់ ហើយលូតលាស់ខាងវិញ្ញាណ។…

កីឡាបាល់ទាត់ និងអ្នកគង្វាល

មុនពេលការប្រកួតបាល់ទាត់អង់គ្លេស ទស្សនិកជនទំាងឡាយបានច្រៀងចម្រៀងរបស់ក្រុមដែលខ្លួនគាំទ្រ។ ការច្រៀងចម្រៀងនេះ ជាធាតុផ្សំដ៏គួរឲ្យចាប់អារម្មណ៍របស់កីឡាបាត់ទាត់អង់គ្លេស។ បទចម្រៀងទាំងនោះ គឺរាប់ចាប់តាំងពីបទរីករាយ(បទ“សប្បាយគ្រប់គ្នា”) ដល់បទចម្លែក(បទ “ពពុះសាប៊ូដែលរសាត់ឥតឈប់”) និងបទដែលគួរឲ្យភ្ញាកផ្អើល។ ឧទាហរណ៍ បទទំនុកដំកើង ជំពូក២៣ គឺជាបទចម្រៀងប្រចាំក្រុម វេស ប្រូមវីជ អាលបីយ៉ុន។ គេបានដាក់តាំងបទគម្ពីរទំនុកដំកើងជំពូក២៣នេះ នៅច្រកទ្វារខាងមុខស្តាត របស់ក្រុមមួយនេះ ដោយប្រកាស់អំពីអ្នកគង្វាលដ៏ល្អ អស្ចារ្យ និងធំបំផុត ទៅដល់មនុស្សគ្រប់គ្នាដែលមកទស្សនានៅ ស្តាត “វេស ប្រោន បេគគីស”។

ក្នុងបទគម្ពីរទំនុកដំកើងជំពូក២៣ ស្តេចដាវីឌមានបន្ទូលថា “ព្រះយេហូវ៉ាជាអ្នកគង្វាលខ្ញុំ”(ខ.១)។ ក្រោយមក កណ្ឌគម្ពីរដំណឹងល្អម៉ាថាយក៏បានចែងផងដែរថា “កាល[ព្រះយេស៊ូវ]ទ្រង់ឃើញហ្វូងមនុស្សហើយ នោះទ្រង់មានព្រះហឫទ័យក្តួលអាណិតដល់គេ ដ្បិតគេល្វើយ ហើយខ្ចាត់ខ្ចាយ ដូចហ្វូងចៀម ដែលឥតអ្នកគង្វាល”(ម៉ាថាយ ៩:៣៦)។ ហើយក្នុងបទគម្ពីរ យ៉ូហាន ជំពូក១០ ព្រះយេស៊ូវបានប្រកាស់ អំពីសេចក្តីស្រឡាញ់ និងព្រះទ័យទុកដាក់ ចំពោះមនុស្សដែលជាចៀម ក្នុងជំនាន់របស់ទ្រង់។ ទ្រង់មានបន្ទូលថា “ខ្ញុំជាអ្នកគង្វាលល្អ ឯអ្នកគង្វាលល្អ ក៏ស៊ូតែប្តូរជីវិតជំនួសចៀម”(ខ.១១)។ ព្រះយេស៊ូវមានព្រះទ័យអាណឹតចំពោះហ្វូងមនុស្សដែលបានដើរតាមទ្រង់ បានជាទ្រង់ឆ្លើយតប ចំពោះតម្រូវការរបស់ពួកគេ ហើយទីបំផុត ទ្រង់ក៏បានលះបង់ព្រះជន្មជំនួសយើងរាល់គ្នា។

ឃ្លា “ព្រះអម្ចាស់ជាអ្នកគង្វាលរបស់ខ្ញុំ” គឺលើសពីទំនុកចម្រៀងសម័យបុរាណ ឬពាក្យស្លោកដ៏ឆ្លាតវ័យ។…

ការពិតដែលមើលមិនឃើញ

លោកស្ទីហ្វឹន ខាស(Stephen Cass) ជាអ្នកកែសម្រួលអត្ថបទ ឲ្យទស្សនាវដ្តីឌីសខោវើ។ គាត់បានតាំងចិត្តថា នឹងស៊ើបអង្កេតមកលើអ្វីដែលគាត់មិនអាចមើលឃើញ ដែលជាផ្នែកមួយនៃការរស់នៅប្រចាំថ្ងៃរបស់គាត់។ ពេលដែលគាត់កំពុងតែដើរទៅរកការិយាល័យរបស់គាត់ នៅទីក្រុងញូយ៉ក គាត់ក៏បានគិតថា បើសិនជាគាត់អាចមើលឃើញរលកវិទ្យុ នោះពេលគាត់មើលទៅអគារអ៊ីមផាយអឺ ស្តេត(ដែលនៅលើដំបូលរបស់វា មានអង់តែនវិទ្យុ និងទូរទស្សន៍ជាច្រើន) គាត់នឹងឃើញវាបញ្ចេញពន្លឺភ្លើងពណ៌ចម្រុះ ជារលកវិទ្យុដែលបាញ់ទៅគ្រប់ទិសទីក្នុងទីក្រុង។ គាត់ដឹងថា នៅជុំវិញខ្លួនគាត់ មានពេញទៅដោយដែនម៉ាញេទិចអគ្គីសនី ជារលកវិទ្យុ ដែលបានចេញពីអង់តែនវិទ្យុ ទូរទស្សន៍ វ៉ាយហ្វាយ ។ល។

នៅពេលព្រឹកថ្ងៃមួយ អ្នកបម្រើរបស់លោកអេលីសេបានដឹងអំពីពិភពដែលមើលមិនឃើញមួយប្រភេទទៀត គឺពិភពខាងវិញ្ញាណ។ កាលនោះ គាត់បានភ្ញាក់ពីដំណេក ហើយក៏បានឃើញកងទ័ពរបស់នគរស៊ីរីព័ទជុំវិញ គាត់ និងចៅហ្វាយរបស់គាត់។ ភ្នែករបស់គាត់បានឃើញពួកទាហានជិះសេះ និងរទេះចម្បាំងដ៏ខ្លាំងក្លា(២ពង្សាវតាក្សត្រ ៦:១៥)។ អ្នកបម្រើនោះក៏មានការភ័យខ្លាច តែលោកអេលីសេមានទំនុកចិត្ត ព្រោះគាត់បានឃើញពលទេវតា ដែលកំពុងហ៊ុមព័ទ្ធពួកគេ។ លោកអេលីសេក៏បានប្រាប់គាត់ថា “កុំខ្លាចអ្វីឡើយ ដ្បិតពួកដែលនៅខាងយើង មានគ្នាច្រើនជាងពួកដែលនៅខាងគេទៅទៀត”(ខ.១៦)។ បន្ទាប់មក លោកអេលីសេក៏បានទូលសូមព្រះអម្ចាស់បើកភ្នែកអ្នកបម្រើគាត់ ឲ្យអាចមើលឃើញព្រះអម្ចាស់ហ៊ុមព័ទ្ធខ្មាំងសត្រូវរបស់ពួកគេ ហើយទ្រង់កំពុងតែគ្រប់គ្រងស្ថានការណ៍ផងដែរ(ខ.១៧)។

តើអ្នកមានអារម្មណ៍ថា ខ្លួនកំពុងតែជួបការលំបាកដែលលើសសមត្ថភាព ហើយធ្វើឲ្យអ្នកអស់សង្ឃឹមឬទេ? សូមចាំថា ព្រះអម្ចាស់ កំពុងតែគ្រប់គ្រងស្ថានការណ៍ ហើយក៏ប្រយុទ្ធជំនួសយើងផង។ ដ្បិតមានសេចក្តីចែងថា “ទ្រង់នឹងបង្គាប់ដល់ពួកទេវតារបស់ទ្រង់ ពីដំណើរឯង ឲ្យបានថែរក្សាឯង…

ឈប់រត់គេច

កាលពីខែកក្កដា ឆ្នាំ១៩៨៣ មានទាហានស័ក្តិ៤ម្នាក់ បានបាត់ខ្លួន ពីក្រុងអាល់ប៊ូហ្គ័រ រដ្ឋញូមិចស៊ីកូ ដោយគ្មានបន្សល់ទុកដានអ្វីសោះ។ ៣៥ឆ្នាំក្រោយមក អាជ្ញាធរក៏បានរកឃើញគាត់ ក្នុងរដ្ឋកាលីហ្វូញ៉ា។ ក្រោយមក កាសែតញូយ៉កថែមក៏បានចុះផ្សាយថា គាត់បានរត់ចោលស្រុក ដោយសារ “គាត់ធ្លាក់ទឹកចិត្ត នៅក្នុងការងារ”។

គាត់បានរត់គេចខ្លួចអស់រយៈពេល៣៥ឆ្នាំ គឺមានន័យថា ក្នុងរយៈពេលពាក់កណ្តាលជីវិតរបស់គាត់ គាត់តែងតែខ្លាចគេរកឃើញគាត់។ ដូចនេះ ខ្ញុំគិតថា គាត់មានការថប់បារម្ភ និងការភ័យខ្លាចជាប់ខ្លួនជានិច្ច។

តែខ្ញុំត្រូវតែទទួលស្គាល់ថា ពេលខ្លះខ្ញុំក៏មានការរត់គេចពីអ្វីមួយផងដែរ។ រូបកាយរបស់ខ្ញុំមិនដែលរត់គេចពីអ្វីមួយឡើយ។ ប៉ុន្តែ នៅពេលខ្លះ ខ្ញុំដឹងថា ព្រះជាម្ចាស់សព្វព្រះទ័យឲ្យខ្ញុំធ្វើអ្វីមួយ ដូចជាការប្រឈមមុខនឹងការពិត ឬសារភាពកំហុសចំពោះទ្រង់ជាដើម តែខ្ញុំមិនចង់ធ្វើវាទេ ដូចនេះ ខ្ញុំក៏បានរត់គេច។

ហោរាយ៉ូណាស មានឈ្មោះល្បីខាងរត់គេចពីការបង្គាប់របស់ព្រះជាម្ចាស់ ឲ្យទៅប្រកាស់ព្រះបន្ទូលទ្រង់ នៅទីក្រុងនីនីវេ(មើល យ៉ូណាស ១:១-៣)។ ប៉ុន្តែ ជាការពិតណាស់ គាត់មិនអាចរត់គេចពីព្រះជាម្ចាស់បានឡើយ។ គាត់ក៏បានជួបខ្យល់ព្យុះ ហើយត្រូវសត្វត្រីលេប ដោយសារការមិនស្តាប់បង្គាប់នេះ(ខ.៤,១៧)។ ពេលគាត់កំពុងតែវេទនា នៅក្នុងពោះត្រី គាត់ក៏បានភ្ញាក់ខ្លួន ដោយប្រឈមមុខនឹងការពិត ហើយក៏បានស្រែកសូមឲ្យព្រះជាម្ចាស់ជួយ(២:២)។

លោកយ៉ូណាសមិនមែនជាហោរាដែលល្អឥតខ្ចោះទេ។ តែខ្ញុំបានរកឃើញការកម្សាន្តចិត្ត នៅក្នុងរឿងដែលគួរឲ្យកត់សំគាល់របស់គាត់ ព្រោះព្រះជាម្ចាស់មិនដែលបោះបង់ចោលគាត់ ទោះគាត់មានចិត្តរឹងរូសយ៉ាងណាក៏ដោយ។ ព្រះអម្ចាស់នៅតែឆ្លើយតបការអធិស្ឋានដ៏ទទូចរបស់គាត់ ដោយស្អាងគាត់ឡើងវិញ…

ការស្វែងរកជំនួយដ៏ពិត

កាលពីទសវត្សរ៍ឆ្នាំ ១៩៦០ បាបារ៉ា(Barbara)បានចម្រើនវ័យធំឡើង ដោយមានរដ្ឋាភិបាលប្រទេសអង់គ្លេសចិញ្ចឹម ប៉ុន្តែ ពេលដែលគាត់មានអាយុ១៦ឆ្នាំ គាត់ និងកូនប្រុសគាត់ ដែលទើបចាប់កំណើត ក៏បានក្លាយជាជនអនាថា។ រដ្ឋមិនមានកាតព្វកិច្ចចិញ្ចឹមគាត់ទៀតទេ ពេលដែលគាត់ចូលដល់វ័យនេះ។ បាបារ៉ាក៏បានសរសេរសំបុត្រផ្ញើទៅម្ចាស់ក្សត្រីនៃចក្រភពអង់គ្លេស ហើយក៏បានទទួលការឆ្លើយតប។ ដោយសារក្តីអាណឹត ម្ចាស់ក្សត្រីក៏បានរៀបចំឲ្យបាបារ៉ាមានផ្ទះមួយខ្នង សម្រាប់រស់នៅ។

ម្ចាស់ក្សត្រីនៃចក្រភពអង់គ្លេសមានធនធានសម្រាប់ជួយបាបារ៉ា ហើយជំនួយប្រកបដោយក្តីអាណឹតរបស់ព្រះនាង គឺជាការឆ្លុះបញ្ចាំងដ៏តូចមួយ អំពីជំនួយរបស់ព្រះជាម្ចាស់។ ព្រះដែលជាស្តេចនៃនគរស្ថានសួគ៌ ជ្រាបអំពីតម្រូវការគ្រប់យ៉ាងរបស់យើង ហើយក៏រៀបចំផែនការសម្រាប់ជីវិតយើង ដោយអំណាចចេស្តាទ្រង់។ ទោះជាយ៉ាងណាក៏ដោយ ទ្រង់សព្វព្រះទ័យនឹងឲ្យយើងចូលមករកទ្រង់ ដោយទូលថ្វាយអំពីតម្រូវការ និងបញ្ហាផ្សេងៗដល់ទ្រង ដែលនេះជាផ្នែកមួយនៃទំនាក់ទំនងនៃសេចក្តីស្រឡាញ់ជាមួយទ្រង់។

ពួកអ៊ីស្រាអែលទូលសូមឲ្យព្រះជាម្ចាស់ជួយរំដោះពួកគេ កាលពួកគេកំពុងតែរងទុក្ខវេទនា ដោយបន្ទុកនៃភាពជាទាសករដ៏ធ្ងន់ នៅនគរអេស៊ីព្ទ។ ទ្រង់ក៏បានឮពួកគេ ហើយក៏បាននឹកចាំ អំពីព្រះបន្ទូលសន្យារបស់ទ្រង់។ គឺដូចមានសេចក្តីចែងថា “ព្រះទ្រង់ឃើញពួកកូនចៅអ៊ីស្រាអែល ហើយក៏ជ្រាបដល់សេចក្តីទុក្ខរបស់គេ”(និក្ខមនំ ២:២៥)។ ទ្រង់ក៏បានបង្គាប់លោកម៉ូសេ ឲ្យនាំយកសេរីភាពមកឲ្យពួកគេ ហើយក៏បានប្រកាស់ថា ទ្រង់នឹងនាំពួកគេចូលទៅក្នុង “ស្រុកយ៉ាងល្អដ៏ធំទូលាយជាស្រុកដែលមានទឹកដោះ និងឃ្មុំហូរហៀរវិញ”(៣:៨)។

ព្រះជាម្ចាស់ដ៏ជាស្តេច សព្វព្រះទ័យឲ្យយើងចូលមករកទ្រង់។ ទ្រង់នឹងប្រទានអ្វីៗដែលយើងត្រូវការ។ ចូរយើងសម្រាក នៅក្នុងការផ្គត់ផ្គង់ដោយអំណាចចេស្តា និងសេចក្តីស្រឡាញ់របស់ទ្រង់។—RUTH O'REILLY-SMITH

ព្រះជាម្ចាស់ធំជាង

លោកហ្កាយ ឃែលមែនសិន(Giles Kelmanson) ដែលជាអ្នកអភិរក្សសត្វព្រៃនៅប្រទេសអាហ្វ្រិកខាងត្បូង បានពិពណ៌នាអំពីឆាកប្រយុទ្ធដ៏គួរឲ្យភ្ញាក់ផ្អើល រវាងសត្វស្កាធំពីរក្បាល និងសត្វតោមួយក្រុមមានគ្នា៦ក្បាល។ ទោះសត្វស្កាមានគ្នាតិចជាងសត្វតោមែន ពួកវាមិនព្រមរាថយ នៅក្នុងការប្រឈមមុខដាក់សត្វតោដ៏កាចសាហាវ ដែលមានមាឌធំជាងពួកវា១០ដង។ សត្វតោទាំងនោះគិតថា ការសម្លាប់សត្វស្កាទាំងពីរក្បាល គឺគ្មានអ្វីពិបាកទេ ប៉ុន្តែ នៅក្នុងខ្សែវីដេអូដែលគេថតបាននៅពេលនោះ គេឃើញសត្វស្កាទាំងពីរក្បាល បានដើរចេញពីការប្រយុទ្ធដោយមោទនភាព។

ការប្រយុទ្ធរវាងដាវីឌ និងកូលីយ៉ាត គឺជារឿងដែលគួរឲ្យភ្ញាក់ផ្អើលលើសនេះទៀត។ ដាវីឌមិនមានបទពិសោធន៍ក្នុងសឹកសង្រ្គាមទេ តែបានចេញមកប្រយុទ្ធនឹងកូលីយ៉ាត ដែលជាអ្នកប្រយុទ្ធដ៏សាហាវរបស់សាសន៍ភីលីស្ទីន។ កូលីយ៉ាតមានមាឌធំដូចយក្ស និងមានកម្ពស់ខ្ពស់លើសអ្នកប្រយុទ្ធវ័យក្មេងនោះ ដោយមានកម្លាំងខ្លាំង និងបំពាក់ទៅដោយគ្រឿងសឹកដែលគ្មានគូប្រៀប មានដូចជា អាវក្រោះធ្វើពីលង្ហិន និងលំពែងដ៏មុតស្រួច(១សាំយ៉ូអែល ១៧:៥-៦)។ ដាវីឌ ជាអ្នកគង្វាលចៀម ដែលគ្មានបទពិសោធន៍ក្នុងសឹកសង្រ្គាម។ គាត់មានតែខ្សែដង្ហក់ និងគ្រាប់គ្រួស ពេលដែលគាត់មកដល់សមរភូមិ ដោយនាំនំប៉័ង និងទឹកដោះគោខះ ឲ្យពួកបងប្រុសរបស់គាត់(ខ.១៧-១៨)។

កូលីយ៉ាតបានហៅពួកអ៊ីស្រាអែលឲ្យចេញមកប្រយុទ្ធនឹងខ្លួន មួយទល់នឹងមួយ ប៉ុន្តែ គ្មាននរណាម្នាក់ហ៊ានប្រយុទ្ធជាមួយវាឡើយ។ ទាំងស្តេចសូល និងពួកអ៊ីស្រាអែលទាំងអស់មានការភ័យខ្លាចជាខ្លាំង(ខ.១១)។ សូមយើងស្រមៃមើលថា គេមានការភ្ញាក់ផ្អើលប៉ុណ្ណា ពេលដែលបានឃើញដាវីឌបោះជំហានចូលទៅក្នុងទីលានប្រយុទ្ធ។ តើមានអ្វីដែលនាំឲ្យគាត់មានចិត្តក្លាហាន លើសពួកអ្នកប្រយុទ្ធដែលមានបទពិសោធន៍របស់ពួកអ៊ីស្រាអែល? កាលនោះ មនុស្សភាគច្រើន មើលឃើញតែកូលីយ៉ាត។ ទោះជាយ៉ាងណាក៏ដោយ ដាវីឌបានមើលឃើញព្រះជាម្ចាស់។ គាត់ក៏បានអះអាងថា “ព្រះយេហូវ៉ានឹងប្រគល់កូលីយ៉ាត មកក្នុងកណ្តាប់ដៃគាត់ហើយ(ខ.៤៦)។…

ចាប់ផ្តើមពីពេលនេះទៅ

កាលពីចុងខែកុម្ភៈ ឆ្នាំ២០១៧ បងស្រីច្បងរបស់ខ្ញុំ ឈ្មោះខារ៉ូលីន(Carolyn) បានទៅពិនិត្យសុខភាព រកឃើញថា គាត់មានជម្ងឺមហារីក។ ខ្ញុំក៏បានប្រាប់មិត្តភក្តិខ្ញុំថា ខ្ញុំចាំបាច់ត្រូវចំណាយពេលជាមួយគាត់ ឲ្យបានច្រើនបំផុត ចាប់ពីពេលនោះទៅ។ អ្នកខ្លះបានប្រាប់ខ្ញុំថា ខ្ញុំកំពុងតែមានការព្រួយបារម្ភពេក ពេលដែលបានទទួលដំណឹងថា គាត់មានជម្ងឺមហារីក។ ប៉ុន្តែ ១០ខែក្រោយមក គាត់ក៏បានលាចាកលោក។ ហើយទោះខ្ញុំបានចំណាយពេលជាច្រើនម៉ោងជាមួយគាត់ក្តី ខ្ញុំនៅតែយល់ថា ពេលដែលយើងស្រឡាញ់នរណាម្នាក់ យើងមិនដែលមានពេលគ្រប់គ្រាន់ ដើម្បីបង្ហាញសេចក្តីស្រឡាញ់ដល់គាត់ឲ្យបានគ្រប់គ្រាន់ទេ ទោះព្យាយាមយ៉ាងណាក៏ដោយ។

សាវ័កពេត្រុសបានបង្រៀនអ្នកដើរតាមព្រះយេស៊ូវ នៅសម័យពួកជំនុំដំបូង ឲ្យស្រឡាញ់គ្នា អស់ពីចិត្ត(១ពេត្រុស ៤:៨)។ កាលនោះ ពួកគេកំពុងតែទទួលរងការបៀតបៀន ហើយត្រូវការសេចក្តីស្រឡាញ់របស់បងប្អូនរួមជំនឿ ក្នុងសហគមន៍របស់ពួកគេ លើសជាងពេលណាទាំងអស់។ ព្រះជាម្ចាស់បានចាក់បង្ហូរសេចក្តីស្រឡាញ់របស់ទ្រង់ ចូលទៅក្នុងចិត្តរបស់ពួកគេ ធ្វើឲ្យពួកគេមានចិត្តចង់ស្រឡាញ់អ្នកដទៃផងដែរ។ ពួកគេក៏បានបង្ហាញសេចក្តីស្រឡាញ់ តាមរយៈការអធិស្ឋាន ការស្វាគមន៍ដោយចិត្តសប្បុរស និងពាក្យសម្តីដ៏សុភាព និងពិតត្រង់ ដោយពឹងអាងកម្លាំងដែលព្រះជាម្ចាស់ប្រទាន(ខ.៩-១១)។ តាមរយៈព្រះគុណទ្រង់ នោះទ្រង់បានប្រទានអំណោយទានដល់ពួកគេ ឲ្យបម្រើគ្នាទៅវិញទៅមក ដោយការលះបង់ ដើម្បីបំពេញបំណងព្រះទ័យដ៏ល្អរបស់ទ្រង់។ គឺដើម្បីឲ្យព្រះជាម្ចាស់បានថ្កើងឡើងក្នុងគ្រប់ការទាំងអស់ ដោយសារព្រះយេស៊ូវគ្រីស្ទ(ខ.១១)។ ផែនការដ៏មានអំណាចរបស់ព្រះជាម្ចាស់ នោះគឺដើម្បីសម្រេចបំណងព្រះទ័យទ្រង់ តាមរយៈយើង។

យើងត្រូវការអ្នកដទៃ ហើយពួកគេក៏ត្រូវការយើងផងដែរ។ ចូរយើងប្រើពេលវេលា ឬធនធានដែលយើងបានទទួលពីព្រះជាម្ចាស់ ដើម្បីបង្ហាញសេចក្តីស្រឡាញ់ ចាប់ពីពេលនេះទៅ។—ANNE CETAS

អនុវត្តនូវអ្វីដែលខ្លួនបានបង្រៀន

លោកយូជិន ភីធ័រសិន(Eugene Peterson) គឺជាគ្រូគង្វាល និងអ្នកនិពន្ធម្នាក់ ដែលមានឱកាសស្តាប់ការបង្រៀន របស់លោកប៉ុល ទួរនា(Paul Tournier) ដែលជាវេជ្ជបណ្ឌិត និងអ្នកប្រឹក្សាយោបលគ្រូគង្វាល ដែលបានទទួលការគោរពពីមនុស្សជាច្រើន។ លោកភីធ័រសិនបានអានអត្ថបទ ដែលនិយាយអំពីការងាររបស់លោកវេជ្ជបណ្ឌិត ហើយក៏បានកោតសរសើរវិធីសាស្រ្តដែលគាត់ប្រើ នៅក្នុងការព្យាបាលជម្ងឺ។ ការបង្រៀននៅថ្ងៃនោះ បាននាំឲ្យលោកភីធ័រសិនមានការស្ងើចសរសើរយ៉ាងខ្លាំងចំពោះគាត់។ ពេលដែលគាត់បានស្តាប់ការបង្រៀននោះ គាត់យល់ថា លោកទួរនាបានរស់នៅ ដូចអ្វីដែលខ្លួននិយាយ ហើយក៏បាននិយាយ ស្របតាមការរស់នៅរបស់ខ្លួន។ អ្វីដែលគាត់ចាប់អារម្មណ៍បំផុត នៅថ្ងៃនោះ គឺការរស់នៅឲ្យស្របនឹងអ្វីដែលខ្លួនបង្រៀន។

ការរស់នៅឲ្យស្របនឹងអ្វីដែលខ្លួនបង្រៀន គឺមានភាពចាំបាច់ណាស់។ សាវ័កយ៉ូហានបាននិយាយសង្កត់ធ្ងន់ថា “អ្នកណាដែលថា ខ្លួននៅក្នុងពន្លឺ តែស្អប់ដល់បងប្អូន នោះឈ្មោះថានៅក្នុងសេចក្តីងងឹត ដរាបដល់សព្វថ្ងៃនេះ”(១យ៉ូហាន ២:៩)។ បានសេចក្តីថា បើយើងមិនស្រឡាញ់បងប្អូនរួមជំនឿរបស់យើងទេ នោះការរស់នៅរបស់យើង មិនស្របនឹងពាក្យសម្តីរបស់យើងទេ។

លោកយ៉ូហានក៏បាននិយាយទៀតថា អ្នកទាំងនោះ “មិនដឹងជាខ្លួនទៅឯណាផង”(ខ.១១) បានសេចក្តីថា សេចក្តីងងឹតបានបំបាំងភ្នែកគេហើយ។

សេចក្តីងងឹតនឹងឈប់បាំងភ្នែកយើងទៀត ពេលដែលយើងរស់នៅឲ្យត្រូវតាមបំណងព្រះទ័យព្រះ ដោយដើរតាមពន្លឺនៃព្រះបន្ទូលទ្រង់។ ជាលទ្ធផល យើងនឹងមានទស្សនៈដែលត្រូវនឹងព្រះទ័យព្រះ ដោយមានគំនិតភ្លឺច្បាស់ ហើយការប្រព្រឹត្តរបស់យើង នឹងសមស្របនឹងការបង្រៀនរបស់យើង។ ពេលអ្នកដទៃសង្កេតមើលយើង គេនឹងចាប់អារម្មណ៍ចំពោះព្រះដែលយើងដឹងច្បាស់ថា យើងកំពុងតែដើរតាម។ —JOHN BLASÉ

រឿងនីមួយៗបង្កប់ព្រះនាមទ្រង់

មានពេលមួយ ខ្ញុំបានបើកព្រះគម្ពីររូបភាព សម្រាប់កុមារ ហើយក៏បានចាប់ផ្តើមអានខគម្ពីរនោះឲ្យចៅៗរបស់ខ្ញុំស្តាប់។ ភ្លាមៗនោះ យើងមានការជក់ចិត្តយ៉ាងខ្លាំង ចំពោះរឿងដែលនិយាយអំពីសេចក្តីស្រឡាញ់ និងការផ្គត់ផ្គង់របស់ព្រះ ដែលបានពិពណ៌នាជាពាក្យសម្រាយ។ ខ្ញុំក៏បានគូសចំណាំទំព័រដែលយើងកំពុងតែអាននោះ រួចបិទសៀវភៅនោះ ដើម្បីមើលក្របរបស់វា ឃើញចំណងជើងដែលគេបានដាក់ឲ្យថា : រឿងរបស់ព្រះយេស៊ូវ ក្នុងព្រះគម្ពីរ : រឿងនីមួយៗមានបង្កប់ព្រះនាមទ្រង់។
ជាការពិតណាស់ រឿងនីមួយៗមានបង្កប់ព្រះនាមទ្រង់។

ខ្ញុំសូមនិយាយដោយស្មោះត្រង់ថា ជួនកាល ពេលខ្ញុំអានរឿងក្នុងព្រះគម្ពីរប៊ីប ជាពិសេសក្នុងកណ្ឌគម្ពីរសញ្ញាចាស់ ខ្ញុំក៏ពិបាកយល់ដែរ។ ខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាអ្នកដែលមិនស្គាល់ព្រះ ហាក់ដូចជាមានជ័យជម្នះមកលើរាស្រ្តរបស់ទ្រង់? យើងដឹងថា ចរិកលក្ខណៈរបស់ទ្រង់បរិសុទ្ធ ហើយបំណងព្រះទ័យទ្រង់ក៏ល្អ តែហេតុអ្វីបានជាទ្រង់អនុញ្ញាតឲ្យភាពសាហាវព្រៃផ្សៃយ៉ាងនោះ កើតមានចំពោះរាស្រ្តទ្រង់?

បន្ទាប់ពីព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ ទ្រង់បានជួបសិស្សទ្រង់ពីរនាក់ នៅតាមផ្លូវទៅកាន់ភូមិអេម៉ោស។ កាលនោះ ពួកគេមើលទ្រង់មិនស្គាល់ ហើយកំពុងតែមានការខកចិត្ត ចំពោះការសុគតរបស់ព្រះមែស៊ី ដែលពួកគេធ្លាប់តែសង្ឃឹមរង់ចាំនោះ(លូកា ២៩:១៩-២៤)។ គឺសង្ឃឹមថា ទ្រង់នឹងយាងមកប្រោសលោះសាសន៍អ៊ីស្រាអែល(ខ.២១)។ បន្ទាប់មកព្រះយេស៊ូវក៏បាន “ស្រាយន័យសេចក្តី ដែលតម្រូវដល់ទ្រង់ ពីក្នុងគម្ពីរទាំងឡាយ ឲ្យគេស្តាប់ ចាប់តាំងពីគម្ពីរលោកម៉ូសេ និងគម្ពីរពួកហោរារៀងមក”(ខ.២៧)។

រឿងនីមួយៗក្នុងព្រះគម្ពីរប៊ីប សុទ្ធតែបង្កប់ព្រះនាមទ្រង់ សូម្បីតែនៅក្នុងរឿងដែលពិបាកយល់ ព្រោះរឿងទាំងនោះបានបើកបង្ហាញភាពប្រេះបែក ក្នុងពិភពលោករបស់យើង និងបង្ហាញឲ្យយើងដឹងថា យើងត្រូវការព្រះសង្រ្គោះមួយអង្គ។ គ្រប់សកម្មភាព ហេតុការណ៍…

ស្មោះត្រង់ចំពោះព្រះជាម្ចាស់

មានពេលមួយចៅប្រុសរបស់ខ្ញុំដែលមានអាយុ៣ឆ្នាំ មានបញ្ហាទាំងព្រលឹម។ គាត់មិនអាចរកឃើញអាវដែលគាត់ចូលចិត្តពាក់ជាងគេ។ ស្បែកជើងដែលគាត់ចង់ពាក់ មានកម្តៅក្តៅពេក។ គាត់ក៏បានងិកងក់ដាក់ជីដូនរបស់គាត់ រួចអង្គុយយំតែម្នាក់ឯង។

ខ្ញុំក៏បានសួរគាត់ថា “តើចៅមិនសប្បាយចិត្តរឿងអី្វ? យើងក៏បានជជែកគ្នាមួយសន្ទុះ ហើយបន្ទាប់ពីគាត់បានសម្រួលអារម្មណ៍ហើយ ខ្ញុំក៏បានសួរគាត់ដោយសុភាពថា តើគាត់មានអាកប្បកិរិយ៉ាល្អ ចំពោះជីដូនគាត់ទេ? គាត់ក៏បានមើលទៅស្បែកជើងគាត់ ហើយឆ្លើយថា គាត់បានធ្វើខុសហើយ គាត់សូមទោស។

ខ្ញុំក៏មានចិត្តអាណឹតគាត់។ គាត់មិនបានបដិសេធថា គាត់មិនបានធ្វើខុសនោះទេ ផ្ទុយទៅវិញ គាត់បានសារភាព ដោយចិត្តស្មោះត្រង់។ ការនេះបានធ្វើឲ្យខ្ញុំនឹកចាំថា ពេលដែលយើងបានធ្វើអំពើបាប យើងចាំបាច់ត្រូវទូលសូមព្រះយេស៊ូវអត់ទោសបាបឲ្យយើង ហើយសូមទ្រង់ជួយយើងឲ្យធ្វើឲ្យបានល្អឡើង។

ក្នុងបទគម្ពីរអេសាយ ជំពូក១ ព្រះជាម្ចាស់បានមានបន្ទូលទៅកាន់រាស្រ្តទ្រង់ អំពីការអាក្រក់ដែលពួកគេបានប្រព្រឹត្ត។ ការស៊ីសំណូក និងភាពអយុត្តិធម៌បានកើតឡើង នៅក្នុងតុលាការ ហើយគេបានកេងប្រវ័ញ្ចក្មេងកំព្រា និងស្រ្តីម៉េម៉ាយ។ តែទោះជាយ៉ាងណាក៏ដោយ ព្រះជាម្ចាស់បានឆ្លើយតបចំពោះពួកគេ ដោយសេចក្តីមេត្តាកុរណា ដោយឲ្យពួកគេសារភាពអំពើបាបដែលពួកគេបានធ្វើ ហើយងាកបែរចេញពីការអាក្រក់ទាំងនោះ។ គឺដូចដែលទ្រង់មានបន្ទូលថា “ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មកចុះ យើងនឹងពិភាក្សាជាមួយគ្នា ទោះបើអំពើបាបរបស់ឯងដូចជាពណ៌ក្រហមទែងក៏ដោយ គង់តែនឹងបានសដូចហិមៈ ទោះបើក្រហមឆ្អៅក៏ដោយ គង់តែនឹងបានដូចជារោមចៀមវិញ”(អេសាយ ១:១៨)។

ព្រះជាម្ចាស់សព្វព្រះទ័យឲ្យយើងមានការបើកចំហរចំពោះទ្រង់ ដើម្បីដោះស្រាយបញ្ហានៃអំពើបាបរបស់យើង។ កាលណាយើងប្រែចិត្តចេញពីអំពើបាប ដោយចិត្តស្មោះត្រង់ ទ្រង់នឹងប្រទានការអត់ទោសបាបដល់យើងរាល់គ្នា ដោយសេចក្តីស្រឡាញ់។ គឺដូចមានសេចក្តីចែងថា “បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់…